គោលការណ៍ក្រុមហ៊ុនផ្សារ99 ឯ.ក (PHSAR99 CO. LTD)

គោលបំណង

ក្រុមហ៊ុន ផ្សារ99. ហៅ “ផ្សារ99”​ បានចុះបញ្ជីពាណិជ្ជកម្មស្របតាមច្បាប់ជាមួយក្រសួងពាណិជ្ជកម្ម និងមានអាជ្ញាបណ្ណប្រកបអាជីវកម្មអនឡាញ (E-commerce) ដែទទួលស្គាល់ដោយក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ ។ ផ្សារ99 ត្រូវបានបង្កើតឡើងជាផ្សារសហគមន៍អនឡាញមួយក្នុងគោលបំណងបង្កើននូវការដោះដូរមុខទំនិញផ្សេងៗ អោយមានលក្ខណៈជាទីផ្សារសហគមន៍អនឡាញដ៏ធំទូលាយមួយសំរាប់ប្រទេសកម្ពុជា​ និងមានបទដ្ឋានច្បាស់លាល់ក្នុងការផ្សារភ្ជាប់នូវការលក់ដូរអនឡាញជាលក្ខណៈបុគ្គល ឬអាជីវករលក់ដុំនិងលក់រាយ ជាមួយនឹងអ្នកទិញអនឡាញតាមរយៈគេហទំព័រ និង Mobile App របស់ផ្សារ99 ។

គោលការណ៍របស់ផ្សារ99

រាល់ការបញ្ជាទិញទំនិញពីផ្សារ៩៩ គឺនឹងត្រូវធ្វើឡើងតាមរយៈគេហទំព័រ​ របស់ ផ្សារ99 ឬតាមរយៈ Mobile App របស់ផ្សារ99 ដោយឆ្លងកាត់ប្រពន្ធ័គ្រប់គ្រងស្វ័យទំនើប និងធានាបាននូវសុវត្ថិភាពសម្រាប់ធ្វើប្រត្តិបត្តការ ។​ រាល់ការបញ្ជាទិញក្នុងការដោះដូរមុខទំនិញរវាងអ្នកលក់និងអ្នកទិញ ត្រូវធ្វើឡើង​តាមរយៈ ផ្សារ99 ទាំងការទូទាត់សាច់ប្រាក់ ការបញ្ចេញទំនិញ និងការដឹកជញ្ជូនទំនិញតាមរយៈក្រុមហ៊ុនដឹកជញ្ជូនទៅដល់អ្នកបញ្ជាទិញទំនិញអនឡាញពី ផ្សារ99​

បន្ទាប់ពីទទួលបាននូវការទូទាត់សាច់ប្រាក់រួចហើយ ផ្សារ99 ត្រូវបញ្ចេញទំនិញដល់អតិថិជនក្នុងរយៈពេល​មិនលើសពី ២៤ម៉ោង ទៅដល់ក្រុមហ៊ុនដឹកជញ្ជូនដែលជាដៃគូរសហការណ៍ក្នុងការដឹកទំនិញ ទៅដល់អ្នកបញ្ជាទិញទៅតាមអសយដ្ឋានដែលផ្តល់អោយដល់ផ្សារ99 ដោយអតិថិជន ។​

គោលការណ៍សម្រាប់អ្នកលក់

មុននឹងដាក់លក់ទំនិញនៅក្នុង ផ្សារ៩៩ អ្នកលក់ត្រូវចុះឈ្មោះចូលជាសមាជិក និងបង្កើតហាងលក់ទំនិញអនឡាញរបស់ខ្លួនជាមុនសិន ។

អ្នកលក់ត្រូវដាក់លក់ទំនិញដោយខ្លួនឯងតាមរយៈប្រពន្ធ័គ្រប់គ្រងអ្នកលក់ (Seller Portal) របស់ផ្សារ99 ហើយការកំណត់តម្លៃលក់គឺជាបន្ទុកដែលត្រូវធ្វើឡើងដោយអ្នកលក់ផ្ទាល់ ។​ អ្នកលក់ចាំបាច់ត្រូវធ្វើបច្ចុប្បន្នភាពនូវបរិមាណមុខទំនិញរបស់ខ្លួនជាប្រចាំប្រសិនបើការគ្រប់គ្រងស្តុកជាបន្ទុករបស់អ្នកលក់ ។​

អ្នកលក់ អាចបញ្ជូនមុខទំនិញរបស់ខ្លួនមកឃ្លាំងស្តុកទំនិញរបស់ ផ្សារ99 ដើម្បីធានាបាននូវប្រសិទ្ធិភាពក្នុងការលក់រួមមានការធ្វើបច្ចុប្បន្នភាពនូវបរិមាណ ការដឹកជញ្ជូនទំនិញដល់អតិថិជនជាដើម ។ ផ្សារ99 នឹងទទួលយកទំនិញពីអ្នកលក់ដោយមានកំណត់ត្រាត្រឹមត្រូវនិងច្បាស់លាស់នូវប្រភេទទំនិញ និងចំនួនស្តុក និងទទួលធានាខុសត្រូវនូវរាល់ការបាត់បង់ណាមួយដែលអាចកើតមានឡើងជាយថាហេតុណាមួយ ដែលអាចនឹងកើតមានឡើងដោយការធ្វេសប្រហែសរបស់បុគ្គលិក ផ្សារ99

អ្នកលក់ត្រូវទទួលខុសត្រូវ និងគោរពនូវគោលការណ៍នានាដែលបានកំណត់ដោយផ្សារ99 និងជាពិសេសត្រូវគោរពនូវគោលការណ៍ច្បាប់របស់រដ្ឋាភិបាលរបស់ប្រទេស និងត្រូវទទួលខុសត្រូវចាំបាច់ក្នុងការបង់ពន្ធលើប្រាក់ចំណូល និងប្រាក់ចំណេញរបស់ខ្លួនដែលបានកំណត់ដោយច្បាប់ពន្ធដារ ។​ 

ដើម្បីធានាដល់សុខមាលភាព និងសុវត្ថិភាពរបស់អតិថិជន និងអ្នកប្រើប្រាស់ទូទៅ អ្នកលក់មិនត្រូវដាក់លក់នូវប្រភេទមុខទំនិញណាដែលត្រូវបានហាមឃាត់ដោយ ផ្សារ99 ដែលមានចែងខាងក្រោមដូចជាៈ ១) ប្រភេទទំនិញដែលមានជាតិស្រវឹង ដូចជាគ្រប់ប្រភេទស្រា និងស្រាបៀរ ២) ប្រភេទទំនិញថ្នាំជក់ និងប្រភេទបារីអេឡិចត្រូនិច ៣) ប្រភេទទំនិញថ្នាំព្យាបាលជម្ងឺដែលតម្រូវឲ្យមានវិជ្ជៈបញ្ជាត្រឹមត្រូវពីវិជ្ជបណ្ឌិត (លើកលែងប្រភេទថ្នាំវីតាមីន និងថ្នាំឬអាហារបំប៉នសុខភាព Vitamins និង Supplements) ៤) ប្រភេទទំនិញដូចជា ថ្នាំ និងសម្ភារៈ ឧបករណ៍ប្រើប្រាស់ផ្លូវភេទនានា ៥) គ្រប់ប្រភេទទំនិញដែលប្រើប្រាស់រួច (Used Products)

ផ្សារ99 មានសិទ្ធិក្នុងការកែប្រែ និងលប់ចោលនូវមុខទំនិញទាំងឡាយណាដែលមិនសមស្រប និងផ្ទុយពីច្បាប់កំណត់ ។​

អ្នកលក់អាចដាក់លក់តែប្រភេទផលិតផល​ និងទំនិញថ្មីៗប៉ុណ្ណោះជាមួយ ផ្សារ99 ។​ ចំពោះគ្រប់ទំនិញដែលអាចដាក់លក់នៅក្នុងផ្សារ99 អនឡាញទាំងអស់ នឹងត្រូវឆ្លងកាត់ការត្រួតពិនិត្យគុណភាពពីក្រុមការងារដោយផ្ទាល់របស់ ផ្សារ99 មុននឹងធ្វើការវេចខ្ចប់ និងដឹកជញ្ជូនដល់អតិថិជនដែលបានបញ្ជាទិញ

គោលការណ៍សម្រាប់អ្នកបញ្ជាទិញ

អ្នកបញ្ជាទិញ​ នឹងត្រូវទទួលខុសត្រូវលើចំណាយរាល់ការបញ្ជាទិញទំនិញរបស់ខ្លួននៅលើផ្សារ99 ។​ ការទូទាត់ការទិញទំនិញពីផ្សារ99 ត្រូវធ្វើឡើងតាមរយៈ Visa Mastercard, ឬពីកាបូបអេឡិចត្រូនិចធនាគារផ្សេងៗ របស់អតិថិជនផ្ទាល់ដែលបានបញ្ជាទិញ ។

ទំនិញដែលបានបញ្ជាទិញរួចហើយ មិនអាចផ្លាស់ប្តូរ ឫបង្វិលជាលុយវិញទេលើកលែងតែប្រភេទទំនិញដែល​បានចែងនៅក្នុងគោលការណ៍បង្វិលប្រាក់ (Refund Policy) ឬបញ្ជាទិញទំនិញនោះមិនមាននៅក្នុងស្តុកដែជាការខកខានរបស់អ្នកលក់ក្នុងការធ្វើបច្ចុប្បន្នភាពនូវចំនួនស្តុករបស់ខ្លួននៅក្នុងផ្សារ99 ។

រាល់ការបញ្ជាទិញដែលធ្វើឡើងដោយក្មេងក្រោមអាយុកំណត់ តម្រូវអោយមានការចូលរួមពីអាណាព្យាបាលក្នុងការណែនាំដល់ការទិញ ។ ផ្សារ99 មានសិទ្វិក្នុងលុបចោលការបញ្ជាទិញណាដែលមិនសមស្របទៅនឹងគោលការណ៍របស់ផ្សារ99 ។

អតិថិជនត្រូវទទួលខុសត្រូវដោយខ្លួនឯងលើការបង់ពន្ធនានា​ ដែលបានកំណត់ដោយរដ្ឋាភិបាលដែល​បានចូលជាធរមាន ។

គោលការណ៍សម្រាប់ក្រុមហ៊ុនដៃគូដឹកជញ្ជូន

ផ្សារ៩៩ គឺកំណត់ការបញ្ចេញទំនិញដល់អតិថិជនក្នុងរយៈពេល២៤ម៉ោងបន្ទាប់ពីទទួលបានការបញ្ជាទិញ និងទូទាត់សាច់ប្រាក់រួចរាល់ ។​ រាល់ការបញ្ចេញនិងដឹកទំនិញទៅដល់អតិថិជនគឺត្រូវធ្វើឡើងតាមរយៈក្រុមហ៊ុនដឹកជញ្ជូនដែលជាដៃគូរសហការជាមួយ​ផ្សារ99 ។ ក្រុមហ៊ុនដឹកជញ្ជូនត្រូវធានាថាទំនិញនឹងត្រូវប្រគល់ជូនដល់អ្នកបញ្ជាទិញដោយផ្ទាល់ និងត្រូវធានាខុសត្រូវនូវរាល់ការបាត់បង់ ដែលធ្វើឡើងដោយការធ្វេសប្រហែសណាមួយរបស់អ្នកដឹកជញ្ជូន ទោះជាការបាត់បង់កើតឡើងដោយអចេតនាក្តី ឬ ចេតនាក្តី ។​

ក្នុងករណីបាត់បង់ទំនិញទាំងមុនពេលដឹក ក្នុងកំឡុងពេលដឹក និងក្រោយពេលដឹកមុននឹងប្រគល់ទំនិញ​ដល់អតិថិជន ក្រុមហ៊ុនដឹកជញ្ជូនត្រូវសងទំនិញទៅតាមចំនួនទំនិញដែលបានបញ្ជាទិញ និងដឹកទំនិញដល់អតិថិ ជនម្តងទៀតដោយមិនគិតថ្លៃសេវាដឹក រឺត្រូវសងជាលុយវិញដល់អតិថិជននូវតំលៃពេញដល់ ផ្សារ99 ដើម្បីបង្វិលសងជូនដល់អតិថិជនវិញក្នុងករណីដែលមិនអាចរកទំនិញមកជំនួសបាន​ ។

អ្នកលក់ ត្រូវទទួលខុសត្រូវលើសេវាដឹកជញ្ជូនត្រលប់ ក្នុងករណីអ្នកលក់បានដាក់បញ្ញើរទំនិញដែលខុសពី​ការបញ្ជាទិញរបស់អ្នកទិញ ទំនិញខូចគុណភាព និង​ទំនិញដែលខូចឬបែកបាក់​ ។​

ប្រភេទទំនិញដែលត្រូវហាមដាក់លក់ក្នុងផ្សារ99

រាល់ប្រភេទទំនិញថ្នាំជក់ដូចជាបារី ស៊ីហ្គា (Cigar) បារីអេឡិចត្រូនិច ភេសជ្ជៈនានាដែលមានជាតិស្រវឹង រួមមានប្រភេទស្រាគ្រប់ប្រភេទ ស្រាបៀរគ្រប់ប្រភេទ និងសារធាតុញៀនផ្សេងៗ ប្រភេទឱសថ ឬថ្នាំដែលតម្រូវឲ្យមានវិជ្ជៈបញ្ជាត្រឹមត្រូវពីមន្ទីព្យាបាលនិងវិជ្ជបណ្ឌិត ប្រភេទថ្នាំនិងអាហារជំនួយខាងផ្លូវភេទ និងសម្ភារៈប្រើប្រាស់បម្រើផ្លូវភេទ ប្រភេទទំនិញដែលប្រើប្រាស់រួច និងប្រភេទទំនិញនានាដែលត្រូវហាមឃាត់ដោយអជ្ញាធរ និងច្បាប់របស់ប្រទេស នឹងមិនត្រូវបានអនុញ្ញាតដាក់លក់ក្នុងផ្សារ99 ជាដាច់ខាត ។

អ្នកលក់ដែលព្យាយាមដាក់លក់ប្រភេទទំនិញដែលត្រូវបានហាមឃាត់នឹងត្រូវជូនដំណឹងជា​ការព្រមាន និងត្រូវលុបឈ្មោះចេញពីផ្សារ99 ក្នុងករណីចាំបាច់ ។​

ការទូទាត់សាច់ប្រាក់ដល់អ្នកលក់ទំនិញ

ផ្សារ99 នឹងទូទាត់សាច់ប្រាក់ដល់អ្នកលក់នៅពេលបញ្ជូនទំនិញទៅដល់អតិថិជនដែលបានបញ្ជាទិញ ។ ក្នុងករណីចាំបាច់ ផ្សារ99 រក្សាសិទ្ធិក្នុងការកែប្រែគោលការណ៍នេះដោយមិនចាំបាច់ជូនដំណឹងជាមុន ។ ផ្សារ99​ នឹងត្រួតពិនិត្យគុណភាពទំនិញជាចាំបាច់មុននឹងវិចខ្ចប់ដឹកជញ្ជូនដល់អតិថិជនដែលបានបញ្ជាទិញ ។

អ្នកលក់ត្រូវយល់ព្រមក្នុងការបង់ប្រាក់កម្រៃជើងសារដល់ ផ្សារ99 ដែលបានកំណត់ជាមុន

ប្រាក់កម្រៃជើងសារ

ផ្សារ99 នឹងកាត់ទុកប្រាក់កម្រៃជើងសារថេរ (Flat Commission Rate) ពីការទិញលក់ទំនិញលើផ្សារ99 ចំនួន 12% នៃតំលៃមុខទំនិញដែលបានដាក់លក់ ។ ក្រុមហ៊ុនផ្សារ99 សូមរក្សាសិទ្ធិក្នុងការកែប្រែអត្រាកម្រៃជើងសារ ដោយមិនបាច់ជូនដំណឹង

ការបង្វិលសំណងសាច់ប្រាក់ដល់អ្នកបញ្ជាទិញទំនិញ​ (Refund)

រាល់ការបញ្ជាទិញទំនិញពីផ្សារ99 គឺមិនត្រូវបានផ្តល់សំណងជាសាច់ប្រាក់ជូនឲ្យអតិថិជនវិញឡើយ លើកលែងប្រភេទទំនិញដែលបានចែងក្នុងគោលការណ៍បង្វិលប្រាក់ ឬការបញ្ជាទិញនោះមិនមានទំនិញនៅក្នុងស្តុករបស់ផ្សារ99 ឫស្តុកទំនិញរបស់អ្នកលក់

ទំនួលខុសត្រូវសង្គម (CSR)

ផ្សារ99 នឹងចូលរួមសកម្មភាពសង្គមសម្រាប់ជាប្រយោជន៍ក្នុងការលើកស្ទួយ ក៏ដូចជាលើកទឹកចិត្តដល់ផលិតករ អាជីវករ ក្នុងការផលិតផលិតផលក្នុងស្រុកដើម្បី​ដាក់លក់ផលិតផលរបស់ខ្លួនជាមួយផ្សារ99 និងជួយក្នុងការជម្រុញការលក់របស់ពួកគាត់អោយកាន់តែបានទទួលនូវចំណូលកាន់តែច្រើននិងមានជីវភាពកាន់តែប្រសើរ ។​​

ការរក្សាការសម្ងាត់

ផ្សារ99 រក្សាសិទ្ធិក្នុងការរក្សាការសម្ងាត់រួមមាន ព័ត៌មានផ្ទាល់ខ្លួនរបស់អតិថិជន ព័ត៌មានផ្ទាល់ខ្លួនរបស់អ្នកទិញ របាយការទិញលក់ជាមួយអ្នកលក់ និងរបាយការណ៍ហិរញ្ញវត្ថុផ្សេងៗទៀតដែលពាក់ពន្ធ័ជាមួយនឹងចំណូល និងចំណាយរវាងអ្នកលក់ និង ផ្សារ99​ ។​

ក្នុងករណីដែលអ្នកលក់ ឬអ្នកទិញមានជាប់សង្ស័យទៅនឹងបទល្មើសណាមួយដែលបានប្រព្រឹទ្ធខុសទៅ​នឹងច្បាប់របស់រដ្ឋ ផ្សារ៩៩នឹងទទួសហការជាមួយអាជ្ញាធរមានសមត្ថកិច្ចក្នុងការចែក​រំលែកនូវពត៌មានរបស់អ្នកទិញឬអ្នកលក់នោះទៅតាមការស្នើសុំជាក់លាក់ណាមួយពីអាជ្ញាធរមានសមត្ថកិច្ច ។

ការរក្សាសិទ្វិក្នុងការកែប្រែគោលការណ៍

ផ្សារ99 សូមរក្សាសិទ្ធិរបស់ខ្លួន ក្នុងការកែប្រែគោលការណ៍នេះទៅតាមកាលៈទេសៈដែលគណៈគ្រប់គ្រងផ្សារ៩៩ គិតថាចាំបាច់ ។ កំណែប្រែថ្មី ឬកំណែប្រែ​បន្ថែមនៅត្រូវធ្វើឡើងដោយមិនចាំបាច់ជូនដំណឹងជាមុន ។​

វិវាទ

ផ្សារ99 នឹងព្យាយាមដោះស្រាយបញ្ហានានាដែលកើតមាន​រវាងផ្សារ99 និងអ្នកលក់ អ្នកទិញ និងក្រុមហ៊ុនដឹកជញ្ជូនទៅតាមលក្ខខណ្ឌ​ដែលអាចធ្វើទៅបានក្នុងនាមជាដៃគូសហការ ។

ករណីវិវាទដែលមិនអាចផ្សះផ្សារនិងមិនសះជា ភាគីណាមួយដែលពាក់ពន្ធ័នឹងវិវាទមានសិទ្ធិក្នុងការដាក់ពាក្យ        បណ្តឹង​ទៅសមត្ថកិច្ចដែលពាក់ពន្ធ័ដើម្បីជួយរកដំណោះស្រាយ និងដាក់ពាក្យបណ្តឹងទៅតុលាការប្រសិន​បើចាំបាច់ ។

អវសាន្តបញ្ញត្តិ

រាល់ការចុះឈ្មោះ លក់ទំនិញ​ និង ទិញទំនិញលើផ្សារ99 ត្រូវបានសន្មត់ថា អ្នកលក់ អ្នកទិញ​ និងក្រុមហ៊ុនដឹកជញ្ចូនក៏ដូចជាអ្នកដឹកជញ្ជូន បានយល់ព្រមគោរពនូវគោលការណ៍របស់ផ្សារ99 ដែលបានចែងខាងលើ រួមទាំងបញ្ញត្តិនៃសេវាកម្ម គោលការបង្វិលប្រាក់ ក៏ដូចជាគោលការណ៍ដឹកជញ្ជូនផងដែរ ហើយវាជាកាតព្វកិច្ចរបស់ អតិថិជន អ្នកលក់ និងក្រុមហ៊ុនដឹកជញ្ជូនក្នុងការអានជាប្រចាំដោយខ្លួនឯង និងត្រូវសន្មត់ថា បានទទួលយកនូវគោលការណ៍ដែលបានចែង ក៏ដូចជាគោលការណ៍បន្ថែមនានា